តើស្វែងរកគំនិតអាជីវកម្មតាមវិធីណា?

shutterstock_178948586

មនុស្សម្នាក់ៗតែងមានក្ដីស្រមៃរៀងៗខ្លួន ហើយក្ដីស្រមៃញឹកញាប់បំផុត គឺ ការមានទ្រព្យសម្បត្តិហូរហៀរ និងកិត្តិយសខ្ពង់ខ្ពស់។ ដើម្បីសម្រេចគោលដៅនេះ យុវវ័យភាគច្រើននាសម័យបច្ចុប្បន្ន មានបំណងបង្កើតសហគ្រាសផ្ទាល់ខ្លួន ឳ្យបានលទ្ធផលដូច ហ្វេសប៊ុក ហ្គូកហ្គល ឬអាលីបាបា ជាដើម។

ដូច្នេះជាបឋម ពួកគេ ត្រូវរកឱ្យបាននូវគំនិតអាជីវកម្មដែលល្អ ដោយត្រូវបង្កើតនូវ៖ ១)ផលិតផលឬសេវា(ហៅដោយខ្លីថា ផលិតផល)ដែលថ្មី, ឬ ២)ផលិតផលដែលមានការកែលម្អធៀបនឹងផលិតផលដែលមានស្រាប់, ឬ ៣)ផលិតផលដែលអាចផលិតដោយចំណាយតិចជាងអ្នកផ្គត់ផ្គង់បច្ចុប្បន្ន, ឬ ៤)ផលិតផលដែលអ្នកផ្គត់ផ្គង់បច្ចុប្បន្នផ្គត់ផ្គង់មិនដល់។

វិធីដែលគេនិយមប្រើដើម្បីស្វែងរកគំនិតអាជីវកម្មគឺ ការដកបទពិសោធន៍ ពីជីវភាពប្រចាំថ្ងៃរបស់សហគ្រិនផ្ទាល់ដូចខាងក្រោម៖

១. ដោះស្រាយបញ្ហាបច្ចុប្បន្ន

ត្រូវចាប់ផ្ដើមស្វែងយល់អំពីបញ្ហាដែលមនុស្សជាច្រើនកំពុងជួបប្រទះ ដោយចាប់ផ្តើមពីបទពិសោធន៍របស់លោកអ្នកផ្ទាល់ ក្រុមគ្រួសារ និងមិត្តភក្ដ្រ ។ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើង តើមានរឿងខកចិត្តអ្វីខ្លះ? ពិតមែនតែការខកចិត្តមួយចំនួន ពិបាកនឹងដោះស្រាយ ដោយសារកត្តាបច្ចេកទេសឬបច្ចេកវិទ្យាមិនទាន់ដល់ ឬដោយសារកត្តាសីលធម៍ តែការខកចិត្តភាគច្រើនអាចដោះស្រាយបាន ដោយប្រើប្រាស់ទំនិញឬសេវាថ្មីៗ។ ត្រូវចងចាំថា ការច្នៃប្រឌិតគ្រប់យ៉ាង គឺដើម្បីដោះស្រាយបញ្ហាអ្វីមួយ។

ដូច្នេះ ត្រូវសង្កេតមើលនៅក្នុងសង្គម ហើយចោទសួរថា តើនៅមានបញ្ហាអ្វីទៀតដែលមិនទាន់ដោះស្រាយ?

២. ដោះស្រាយបញ្ហាអនាគត

ស្វែងយល់អំពីបញ្ហាដែលអាចកើតឡើងនាពេលអនាគត ក៏ជាគន្លឹះមួយក្នុងការទទួលបានគំនិតអាជីវកម្មដែរ។ បរិយាកាសកាន់តែសំបូរឧស្ម័នពុល, ដីស្រែកាន់តែហួតហែង, គម្របព្រៃឈើកាន់តែបាត់បង់, ចរាចរកាន់តែស្ទះ, ចំណីអាហារកាន់តែមិនសុវត្ថិភាព, ប្រេងនឹងអស់ពីផែនដី នាពេលអនាគត ។ល។ សុទ្ធតែជាបញ្ហា ដែលកំពុង ឬដែលនឹងកើតឡើងនាពេលអនាគត ដែលសុទ្ធតែជាឳកាសទីផ្សារសម្រាប់សហគ្រិនសក្ដានុពល។

តើនឹងមានបញ្ហាអ្វីទៀតដែលនឹងកើតឡើងនៅពេលអនាគត?

៣. ជួយសន្សំសំចៃ

ប្រសិនបើអ្នកផ្គត់ផ្គង់បច្ចុប្បន្នផ្ដល់នូវទំនិញ ឬសេវា ដែលមានថ្លៃខ្ពស់ ហើយលោកអ្នកអាចលក់ទំនិញឬសេវាដូចគ្នានោះ នៅថ្លៃទាបជាង ដោយសារលោកអ្នកមានបច្ចេកទេស ឬបច្ចេកវិទ្យា ដែលអាចផលិត ផលិតផលដោយចំណាយទាបជាង នោះហើយជាទីផ្សាររបស់លោកអ្នក។

តើមានផលិតផលឬសេវាអ្វីខ្លះដែលលោកអ្នកយល់ថា ថ្លៃពេក ហើយដែល លោកអ្នកអាចកាត់បន្ថយថ្លៃបាន?

៤. ផ្តល់នូវភាពងាយស្រួល

ការបង្កើតប្រដាប់បញ្ជាទូរទស្សន៍ ការបង្កើតទូរសព្ទចល័ត ការបង្កើតកុំព្យូទ័រយួរដៃ ការបង្កើតឧបករណ៍ប្រាប់ទិសឬកម្មវិធីប្រាប់ទិសក្នុងទូរសព្ទ ការបង្កើតម៉ាស៊ីនបូមធូលីស្វ័យប្រវត្តិ ការលក់ទំនិញអនឡាញ ជាដើម សុទ្ធតែជាការច្នៃប្រឌិតផលិតផលឬសេវា ដើម្បី សម្រួលដល់ជីវភាពនិងការរស់នៅរបស់មនុស្សទូទៅ។

តើមានការលំបាកអ្វីខ្លះនៅក្នុងជីវភាពប្រចាំថ្ងៃរបស់លោកអ្នក និងអ្នក នៅជុំវិញខ្លួន?

៥. បំលែងចំណង់ចំណូលចិត្តទៅជាអាជីវកម្ម

លោកអ្នកចូលចិត្តតុបតែងខ្លួន ហេតុអ្វីមិនចាប់ផ្ដើមអាជីវកម្មផ្ដល់សេវា ឬបង្រៀនតុបតែងខ្លួន ឬកែសម្ផស្ស ។ លោកអ្នកចូលចិត្តដើរកំសាន្ត ហេតុអ្វីមិនរៀបចំជាគេហទំព័រ ឬទំព័រ Facebook ឬគណនី Youtube ដែលពណ៍នាអំពីតំបន់ទេសចរ អំពីការធ្វើដំណើរ អំពីកន្លែងស្នាក់ ឬអំពីភោជនីយដ្ឋានជាដើម? លោកអ្នកចូលចិត្តគ្រឿងអលង្ការ ហេតុអ្វីមិនបង្កើតអាជីវកម្មលក់គ្រឿងអលង្ការ ឬផ្ដល់សេវាប្រឹក្សាយោបល់គ្រឿងអលង្ការ ឬច្នៃម៉ូដគ្រឿងអលង្ការ?

តើលោកអ្នកមានចំណង់ចំណូលចិត្តអ្វីដែលមិនទាន់មានអ្នកផ្គត់ផ្គង់ ឬនៅមានឳកាសដណ្ដើមចំណែកទីផ្សារ?

៦. ដកស្រង់ និងផ្តល់បទពិសោធន៍ថ្មី

អានសៀវភៅថ្មីៗ ជួបជាមួយមនុស្សថ្មីៗ ទៅទីកន្លែងថ្មីៗ និងសាកល្បងបច្ចេកវិទ្យាថ្មីៗជាដើម នឹងធ្វើឳ្យលោកអ្នកអាចរកឃើញនូវ គំនិតអាជីវកម្មថ្មីៗ សម្រាប់ការបង្កើតជាបទពិសោធន៍ថ្មី សម្រាប់ អ្នកប្រើប្រាស់។

ការផ្ដល់នូវវាលសម្រាប់លេងកីឡាដូចជាបាល់ទាត់ បាល់ទះ ជិះសេះ ក៏ដូចជាការកំសាន្តនានាដូចជា ការជិះកន្ត្រក ការជិះខ្សែរ៉ត ការជិះដំរី ការជិះទូកកំសាន្ត ការរស់នៅតាមជីវភាពរបស់មនុស្សក្នុងតំបន់មួយ ។ល។ សុទ្ធតែជាការផ្ដល់នូវបទពិសោធន៍ថ្មី ដល់អ្នកប្រើប្រាស់ ។

តើលោកអ្នកអាចគិតឃើញអំពីសកម្មភាព ឬជីវភាពថ្មីអ្វីមួយ ដែលទីផ្សារគោលដៅមួយ អាចចាប់អារម្មណ៍ឬទេ?

៧. ផ្តល់នូវមោទនភាព

អតិថិជនមួយចំនួន ប្រើប្រាស់ផលិតផលឬសេវា ដើម្បីបង្ហាញភាពស៊ីវីល័យ ឬភាពខ្ពង់ខ្ពស់របស់ខ្លួន ក្នុងចំណោមមិត្តភក្ដ្រ ក្នុងសង្គម។ ដូច្នេះ ផលិតផលមួយចំនួនអាចទាក់ទាញការចាប់អារម្មណ៍របស់ អតិថិជនកម្រិតខ្ពស់ ដែលមានមធ្យោបាយគ្រប់គ្រាន់ ក្នុងការចំណាយ លើផលិតផល ឬសេវា មួយដែលមិនចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ តែមានឥទ្ធិពលក្នុងការលើកមុខមាត់របស់អ្នកប្រើប្រាស់វា នៅក្នុងសង្គម។ ផលិតផលបែបនេះមានដូចជា សេវាធ្វើសរសៃ, គ្រឿងអលង្ការថ្លៃៗ, សេវា វីអាយភីនានា ជាដើម។

៨. ចម្លងគំនិតអ្នកដទៃ

វិធីស្វែងរកគំនិតស្រួលជាងគេ គឺចម្លងគម្រូអាជីវកម្មរបស់គេដែលមានស្រាប់ និងបានធ្វើតេស្តនៅលើទីផ្សាររួចហើយ។ វាអាចជាគម្រូអាជីវកម្ម ដែលជោគជ័យនៅបរទេស ឬនៅទីក្រុងផ្សេង ឬនៅផ្នែកផ្សេងទីក្រុង។

តែត្រូវប្រយ័ត្ននូវផលវិបាកដែលពាក់ព័ន្ធដូចជា បណ្ដឹងផ្លូវច្បាប់ (ប្រសិនបើលោកអ្នកចម្លងតាមគេច្រើនពេកដែលធ្វើឳ្យសាធារណជនមានការភាន់ច្រឡំ), ការប្រកួតប្រជែងកើនឡើង  ដែលនឹងធ្វើ ឳកាសប្រាក់ចំណេញធ្លាក់ចុះ ជាដើម។

ដំណោះស្រាយចំពោះបញ្ហាប្រឈម រួមមាន ៖ ការទិញ Franchise, ការធ្វើប្រែនឌីងផលិតផល ជាដើម។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s